នៅព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ នេះតំណាងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង បាននាំយកអំណោយមួយចំនួនទៅប្រគល់ជូន លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក និងកងទ័ពជួួរមុខ។

ការចូលរួមឧបត្ថម្ភរបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាច​ក្លាហាន​របស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

សូមជម្រាប យោធាថៃ បាននិងកំពុងធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យ​ស្របច្បាប់​របស់កម្ពុជា នៅក្នុងភូមិសាស្រ្តខេត្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែទាំងអស់ លក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប្រជាជនកម្ពុជា បន្តភៀសសឹករាប់ម៉ឺននាក់៕