
ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារអចលនទ្រព្យ នៅតែលំបាក លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodaបានបង្ហើបថា អ្នកនៅក្នុងវិស័យនេះ ត្រូវរក្សាចំណូចសំខាន់ៗចំនួន៣ ដើម្បីរង់ចាំឱកាសល្អមកដល់។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីសិក្ខាសាលាទាក់ទងនឹងឧស្សាហកម្ម អចលនទ្រព្យនៅកម្ពុជាកាលពីចុងសប្តាហ៍មុនថា ស្ថានភាពទីផ្សារនៅឆ្នាំ២០២៤នេះ នៅតែបន្តជួបការលំបាក ដូចកាលពីឆ្នាំ២០២៣ ប៉ុន្តែវាបានធ្លាក់ដល់បាតបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា “បើយើងនិយាយពរយៈពេល៥ឆ្នាំកន្លងហួស ទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីបានធ្លាក់ដល់បាតតែម្តង”។ លោកបន្ថែមថា “បញ្ហាធំចំពោះមុខ គឺត្រូវរក្សាសុខភាព រក្សាជីវិត និងរក្សាអាជីវកម្មឲ្យបាន ដើម្បីរង់ចាំឱកាសល្អមកដល់” ។

តើទីផ្សារអចលនទ្រព្យ អាចងើបឡើងវិញនៅពេលណា? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបញ្ជាក់ថា ស្ថានភាពនេះ អ្នកដែលបានដួល បានបិទទ្វារកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣រួចហើយ ហើយការងើបឡើងវិញរបស់វិស័យនេះ អាចត្រូវការរយៈពេល៦ខែ ឬ១ឆ្នាំទៀត។
លោកបន្តថា ទោះជាយ៉ាងណា អ្នកនៅក្នុងទីផ្សារនៅតែមានចំណាប់អារម្មណ៍ខ្ពស់ក្នុងវិស័យនេះ ជាក់ស្តែងចំនួនអ្នកចូលរួមសិក្ខាសាលា មានចំនួនច្រើនលើសការរំពឹងទុក ហើយពួកគាត់នៅតែសាកសួរ និងស្វែងយល់ពីវស័យនេះ៕



Comments are closed