ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានចែករំលែកទម្លាប់ល្អមួយ ដែលធ្វើឱ្យយើងរីកចម្រើន​បាន​ក្នុងជីវិតនោះគឺ «វិន័យ»។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអ្នកជំនាញលើវិស័យអចលនទ្រព្យនៅកម្ពុជាមួយរូប ដែលមានបទពិសោធន៍​ជិត ៣០ឆ្នាំ។ លោកឧកញ៉ាបណ្ឌិត ក៏ជាគ្រូឧទ្ទេសនៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួន ព្រមទាំងវាគ្មិនក្នុងកម្មវិធី​ចែករំលែកបទពិសោធន៍ល្អៗក្នុងការងារអាជីវកម្ម និងជិវិតរស់នៅផ្ទាល់ខ្លួនផងដែរ។

ក្នុងបទសម្ភាសន៍មួយ និយាយពីទម្លាប់ធ្វើឱ្យជីវិតរីកចម្រើន កាលពីពេលថ្មីៗនេះ លោកឧកញ៉ាបានលើកឡើងថា បើនិយាយពីទម្លាប់ គឺលោកសាមញ្ញដូចគេដូចឯងទេ ហាត់ប្រាណ លេងកីឡា រាប់អានមិត្តភ័ក្តិ ធម្មតាទាំងអស់ ប៉ុន្តែអ្វី​ដែល​ធំជាងទម្លាប់គឺវិន័យ។

«ខ្ញុំគឺជាមនុស្សម្នាក់ដែលដាក់វិន័យលើខ្លួនឯង ១០០%។ និយាយពីបទពិសោធន៍រៀនសូត្រ តាំងពីចូលរៀនរហូតដល់ប្រឡងបាក់ឌុប មិនដែលបើកចាក់សូម្បីម្តង។ រីឯវិន័យមួយទៀត ខ្ញុំរៀនមហាវិទ្យាល័យ ៤ឆ្នាំ មិនដែលឈប់សូម្បីម្តង មិនដែលទៅរៀនយឺតសូម្បីម្តង និងមិនដែលចេញមុនម៉ោងសូម្បីម្តង។ នេះជា​ហេតុផលមួយ នៅពេលយើងមានវិន័យហើយ នោះគឺជាគ្រឹះដ៏សំខាន់ ហើយគ្មាននរណាអាចអូសទាញយើងបាន​នោះទេ។ នៅក្នុងវ័យមុន ៣៥ឆ្នាំ ខ្ញុំមិនដែលផឹកថ្នាំសូម្បីមួយគ្រាប់ ដោយសារខ្ញុំមានវិន័យផ្ទាល់ខ្លួន មិនផឹកស្រា មិន​ជក់បារី គេងឱ្យបានច្រើន និងគិតវិជ្ជមាន។ ការគិតរបស់ខ្ញុំ គឺត្រូវតែទៅមុខ ទោះត្រូវទៅត្រង់ បត់ឆ្វេង ឬបត់ស្តាំ​ក៏ដោយ»។ លោកឧកញ៉ាបណ្ឌិត បានបន្ថែម។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ។ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ រយៈពេលជាង ២០ឆ្នាំ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា គង់ សំណាង មានបុត្រាបុត្រី សរុបចំនួន ៤នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *