កណ្តាលៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍អចលនវត្ថុម្នាក់ បានចាប់ផ្តើមសាងសង់គំរោងថ្មី នៅក្នុងបុរីKS Residence ដែលជាផ្ទះមានតម្លៃសសមរម្យ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៦ កញ្ញាថា នេះជាការសាងសង់សាកល្បង ជាមួយបរិមាណផ្ទះប្រមាណ២០០ល្វែង។ លោកបន្តថា ផ្ទះថ្មីនៅបុរីKS Resident មានតម្លៃ២ម៉ឺនដុល្លារ ដែលមានទំហំផ្ទះ៤២ម៉ត្រការ៉េ លើដី៦៧ម៉ែត្រការ៉េ និងមានគ្រឹះរ៉ឹងមាំ ដែលអាចសាងសង់បន្ថែមទៀតបាន។
លោកបញ្ជាក់ថា “ហេតុផលដែលខ្ញុំសាងសង់ផ្ទះ តម្លៃចាប់ពី២ម៉ឺនដុល្លារបែបនេះ ដោយសារមើលឃើញថា អ្នកធ្វើការងារឲ្យគេភាគច្រើន មិនមានលទ្ឋភាពទិញផ្ទះតម្លៃខ្ពស់ៗឡើយ”។លោកបន្តថា “បើអ្នកធ្វើការមានប្រាក់ខែត្រឹម៥០០ដុល្លារ ពួកគេអាចបង់រំលស់ជាមួយធនាគារបាន បើពីរនាក់ប្តី ប្រពន្ឋធ្វើការ ប្រាក់ខែបូកបញ្ចូលគ្នាត្រឹម៥០០ ទៅ៦០០ដុល្លារ អាចបង់រំលស់ជាមួយធនាគារបានហើយ ដោយមួយខែពួកគេបង់ឲ្យធនាគារជាង២០០ដុល្លារប៉ុណ្ណោះ”។
គំរោងKS Residence ដំណាក់ទីពីរនេះ មានទីតាំងនៅកៀនស្វាយ ក្រោយវត្តដូនសរចម្ងាយ២០០ម៉ែត្រ។

លោកឧកញ៉ាបានបន្តថា ផ្ទះរបស់KS Residence ដំណាក់កាលទី២ មានប្លង់រ៉ឹង ហេតុនេះ ពួកគេអាចយកប្លង់ទៅដាក់ធនាគារបាន ប្រសិនជាប្តី ប្រពន្ឋមានប្រាក់ខែបូកបញ្ចូលគ្នាត្រឹម៥០០ទៅ៦០០ដុល្លារ ដែលនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់ការអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា៕



Comments are closed