ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី ខេអេស រ៉េសុីដេន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានចែករំលែកចំណេះដឹងខ្លីៗ ៥ចំណុច ពីទេសចរណ៍នៅកម្ពុជា។ តាមរយៈបទពិសោធន៍និងចំណេះដឹងផ្ទាល់ខ្លួន លោកឧកញ៉ាបណ្ឌិត បានលើកឡើងលើទំព័រហ្វេសប៊ុក ដូចខាងក្រោម៖

១.ជនជាតិខ្មែរ និងជនជាតិបរទេស ដែលរស់នៅ ធ្វើការ ឬរកស៊ីស្របច្បាប់នៅកម្ពុជា ហើយដើរលេងក្នុងស្រុកខ្មែរ ដោយមិនមានការស្នាក់នៅ (ទៅព្រឹកវិលល្ងាច) នោះគេហៅថា អ្នកធ្វើដំណើរក្នុងស្រុក ដែលភាសាអង់គ្លេស ហៅថា Same Day Traveler! អ្នកធ្វើដំណើរក្នុងស្រុក ជួយធ្វើឱ្យតំបន់ទេសចរណ៍ និងគោលដៅផ្សេងៗក្នុងប្រទេសមានសកម្មភាពរស់រវើក។

២.ជនជាតិខ្មែរ និងជនជាតិបរទេស ដែលរស់នៅ និងធ្វើការ ឬរកស៊ីស្របច្បាប់នៅកម្ពុជា ហើយដើរលេងក្នុងស្រុកខ្មែរ ដោយមានការស្នាក់នៅលើសពីមួយយប់ នោះគេហៅថា អ្នកទេសចរក្នុងស្រុក ដែលភាសាអង់គ្លេស ហៅថា Domestic Tourist! អ្នកទេសចរក្នុងស្រុក ជួយធ្វើអោយតំបន់ទេសចរណ៍ និងគោលដៅផ្សេងៗក្នុងប្រទេសមានសកម្មភាពរស់រវើក ហើយជាសរសៃឈាម នៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសទាំងមូល។

៣.ជនជាតិខ្មែរ និងជនជាតិបរទេស ដែលរស់នៅ និងធ្វើការ ឬរកស៊ីស្របច្បាប់នៅកម្ពុជា ហើយដើរលេងទៅបរទេស នោះគេហៅថា អ្នកទេសចរទៅក្រៅប្រទេស ដែលភាសាអង់គ្លេស ហៅថា Outbound Tourist! អ្នកទេសចរទៅក្រៅប្រទេស ឬ Outbound Tourist បានយកលុយពីកម្ពុជា ទៅចាយនៅបរទេសច្រើនណាស់ក្នុងមួយឆ្នាំៗ ពិសេសទៅលើការបញ្ជូនកូនទៅរៀន ការទៅពិនិត្យសុខភាព ការព្យាបាលជំងឺ ការទិញរបស់ប្រើប្រាស់ថ្លៃៗ។ល។ វាជាចំណុចសំខាន់មួយ ដែលកម្ពុជាត្រូវគិតគូរឡើងវិញ ដើម្បីកាត់បន្ថយការយកលុយទៅចាយនៅបរទេសច្រើនណាស់ក្នុងមួយឆ្នាំៗ។

៤.ជនជាតិបរទេសទាំងអស់ ដែលអញ្ជើញមកកម្ពុជា ក្នុងគោលបំណងស្របច្បាស់ណា នោះគេហៅថា អ្នកទេសចរចូលក្នុងប្រទេស ដែលភាសាអង់គ្លេស ហៅថា Inbound Tourist! កម្ពុជាត្រូវការ អ្នកទេសចរចូលក្នុងប្រទេស ឬ Inbound Tourist ឱ្យបានច្រើនបំផុត តាមដែលធ្វើទៅតាម ព្រោះពួកគេមកដល់ប្រទេសយើង ចាយលុយនៅប្រទេសយើង ទៅលើការស្នាក់នៅ ដឹកជញ្ជួន ម្ហូបអាហារ ភេសជ្ជះ លំហែកំសាន្ត ប្រជុំ ជាដើម។

៥.ប្រទេសកម្ពុជាសម្បូរធនធានទេសចរណ៍ណាស់ ទាំងនៅលើដី ក្រោមដី លើទឹក ក្រោមទឹក និងលើអាកាស ហើយនៅពេលណា ដែលកម្ពុជាអាចទាញយក អ្នកធ្វើទេសចរចូលក្នុងប្រទេស ឬ Inbound Tourist បានលើសពី ១០លាននាក់ប្រចាំឆ្នាំ នោះកម្ពុជានឹងសម្បូរលុយចាយណាស់។

គួរបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់បុរី វិមានសំណាង និងម្ចាស់បុរី ខេអេស រ៉េស៊ីដេន។ លោកឧកញ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ អនុបណ្ឌិតផ្នែកទេសចរណ៍ និងថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្ម ហើយលោកឧកញ៉ាបណ្ឌិតក៏ធ្លាប់ជាគ្រូបង្រៀនផ្នែកទេសចរណ៍ តាមសកលវិទ្យាល័យនានា នៅកម្ពុជា នៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *