កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានទីតាំងនៅក្នុង បុរីខេអេស រ៉េសុីដេន ដែលស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជាមួយនឹងការប្រកាសបើកក្លឹបប្រដាល់នេះ ឯកឧត្តម ខូវ ឆាយ ក៏បានលើកឡើងដូច្នេះថា៖ខ្ញុំបាទក្នុងនាម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានទីតាំងនៅក្នុង បុរីខេអេស រ៉េសុីដិន ដែលស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខ្ញុំពិតជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកក្លឹបប្រដាល់ គុន ខ្មែរយូណាយធីតនេះ ដើម្បីចូលរួមចំណែកក្នុងការផលិតធនធានកីឡាករ កីឡាការីថ្នាលឱ្យកាន់តែច្រើនថែមទៀត ក៏ដូចជាអភិវឌ្ឍធនធានកីឡាកម្រិតខ្ពស់ដើម្បីតំណាងជាតិ ចូលរួមផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីលើឆាកអន្តរជាតិ។


ហើយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្ថែមទៀតថា៖”ខ្ញុំក៏សូមកោតសរសើរនូវទឹកចិត្តស្រលាញ់គុនខ្មែររបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងឆន្ទ:ក្នុងការបង្កើតក្លឹបគុនខ្មែរដ៏ធំ និងរឹងមាំមួយ ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សន្យានឹងជ្រើសរើសគ្រូបង្វឹកអាជីពល្អៗ ជូនទៅដល់ក្លឹបប្រដាល់គុនខ្មែរយូណាយធីត និងខិតខំប្រមែរប្រមូលកៀងគរយុវជន យុវនារីដែលមានទេពកោសល្យ និងមានចំណូលចិត្តខាងវិស័យកីឡាប្រដាល់គុនខ្មែរចូលរួមហ្វឹកហាត់ឱ្យបានកាន់តែច្រើនផងដែរ។ ក្នុងឱកាសនេះផងដែរ ខ្ញុំសូមអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អ្នកជំនួញធំតូចទំងអស់ សូមងាកមកចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរយើង ឱ្យល្បីសុះសាយពាសពេញសកលលោក។


Comments are closed